ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះផ្ទៀងផ្ទាត់ស្ថានភាពស្ពានស្ទឹងមេទឹក ខណៈកម្ពុជាបន្តប្តេជ្ញាគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះផ្ទៀងផ្ទាត់ស្ថានភាពស្ពានស្ទឹងមេទឹក ខណៈកម្ពុជាបន្តប្តេជ្ញាគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃKPS99TV

ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) ដឹកនាំដោយប្រធានបេសកកម្មមកពីប្រទេសហ្វីលីពីន បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលរបស់ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ការចុះបំពេញបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ មានគោលបំណងប្រមូលព័ត៌មាន ផ្ទៀងផ្ទាត់ការពិត និងរៀបចំរបាយការណ៍អំពីស្ថានភាពនៅទីតាំងស្ពានស្ទឹងមេទឹក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់មួយរបស់កម្ពុជា។

ស្ពានស្ទឹងមេទឹក ត្រូវបានរាយការណ៍ថា បានរងការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់ភាគីថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងដាច់ទាំងស្រុង មិនអាចប្រើប្រាស់សម្រាប់ការធ្វើចរាចរណ៍បានឡើយ។ ស្ពាននេះមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ និងត្រូវបានចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ។

ក្នុងឱកាសនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីនូវជំហរប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង និងឯកសារសន្តិភាពពាក់ព័ន្ធទាំងអស់ រួមមានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាបានអះអាងថា ការអនុវត្តកាតព្វកិច្ចដោយស្មោះត្រង់ និងសុចរិតភាព គឺជាមូលដ្ឋានសំខាន់ក្នុងការស្តារឡើងវិញនូវប្រក្រតីភាព ការកសាងទំនុកចិត្តរវាងភាគីទាំងពីរ និងការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ព្រំដែន។

ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានលើកនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃយន្តការតាមដានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងជាការបង្ហាញពីការចូលរួមរបស់អាស៊ានក្នុងការគាំទ្រដល់ស្ថិរភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីនៅក្នុងតំបន់។ ដោយ៖ សុខ ស៊ីណាន

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。