
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ បានបន្តជំរុញការរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការភាព» ដោយពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារតាក់តែងសេចក្តីព្រាងឯកសារនេះ មុនឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនាពេលខាងមុខ។
កិច្ចប្រជុំការងារនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងព័ត៌មាន និងតំណាងអង្គការអន្តរជាតិដៃគូសំខាន់ៗ រួមមាន Plan International Cambodia, Save the Children Cambodia, World Vision International, UNICEF Cambodia និងអង្គការ CARE។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា ក្រសួងព័ត៌មានបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ក្នុងការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំនេះ ដោយបានពិនិត្យ និងបញ្ចូលធាតុចូលសំខាន់ៗយ៉ាងល្អិតល្អន់ ដើម្បីធានាថាឯកសារនេះមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបានគូសបញ្ជាក់ថា គោលការណ៍ណែនាំនេះនឹងក្លាយជាឯកសារយោងដ៏សំខាន់មួយបន្ថែមទៀត សម្រាប់អ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈព័ត៌មាន-សោតទស្សន៍ ក្នុងការអនុវត្តការងារឱ្យស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ស្តង់ដារសារព័ត៌មាន និងគោលការណ៍គោរពសិទ្ធិមនុស្ស។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងការគោរពក្រមសីលធម៌ មិនត្រឹមតែជួយការពារសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កុមារ និងជនមានពិការភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់គុណភាពជីវិត បរិយាកាសសង្គមប្រកបដោយសុវត្ថិភាព និងការកសាងទំនុកចិត្តសាធារណៈលើវិស័យសារព័ត៌មានផងដែរ។
ជាមួយគ្នានេះ តំណាងអង្គការអន្តរជាតិដៃគូបានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំគោលការណ៍ណែនាំនេះ ដែលនឹងរួមចំណែកពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបង្កើតបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព បរិយាបន្ន និងការគោរពសិទ្ធិមនុស្សកាន់តែប្រសើរ។
អង្គប្រជុំក៏បានឯកភាពលើផែនការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នាពេលខាងមុខ ជាមួយអ្នកសារព័ត៌មាន តំណាងស្ត្រី កុមារ ជនមានពិការភាព និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីប្រមូលមតិយោបល់ និងធាតុចូលបន្ថែម ធានាថាគោលការណ៍ណែនាំនេះអាចឆ្លើយតបបានយ៉ាងពេញលេញទៅនឹងតម្រូវការជាក់ស្តែង និងរួមចំណែកលើកកម្ពស់ការការពារសិទ្ធិជនងាយរងគ្រោះ ព្រមទាំងលើកតម្កើងតម្លៃ និងភាពជឿជាក់នៃវិស័យសារព័ត៌មាននៅកម្ពុជា។ ដោយ៖ សុខ ស៊ីណាន
暂无更正。
