ឯកឧត្តម ប្រាក់ សុខុន ជួបមន្ត្រីជាន់ខ្ពស់អាម៉េរិក ពិភាក្សាការពង្រឹងទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូអាស៊ាន-អាម៉េរិក
ឯកឧត្តម ប្រាក់ សុខុន ជួបមន្ត្រីជាន់ខ្ពស់អាម៉េរិក ពិភាក្សាការពង្រឹងទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូអាស៊ាន-អាម៉េរិកKPS99TV

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលអាហារការងារថ្ងៃត្រង់ជាមួយលោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន ក្នុងឱកាសដែលលោកបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald J. Trump ក្នុងការគាំទ្រ និងសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមក៏បានកោតសរសើរចំពោះការបន្តតាមដាន និងការចូលរួមរបស់សហរដ្ឋអាម៉េរិកក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ដើម្បីធានាបាននូវស្ថិរភាព និងការរក្សាសន្តិភាពយូរអង្វែងក្នុងតំបន់។

ជាមួយគ្នានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិនិត្យពិភាក្សាអំពីវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ព្រមទាំងការពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហរដ្ឋអាម៉េរិក។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យនានាដែលមានផលប្រយោជន៍រួម សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ដោយ៖ សុខ ស៊ីណាន

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。