
ខេត្តព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងទទួលបន្ទុកពង្រឹងការងារអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផែនការស្តីពីការពង្រឹងការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងអាជីវកម្មនានាក្នុងមូលដ្ឋានក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះផ្តោតលើការផ្សព្វផ្សាយ និងជំរុញការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ដោយយកចិត្តទុកដាក់លើការគ្រប់គ្រងទីតាំងស្នាក់នៅ និងប្រកបអាជីវកម្មផ្សេងៗ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ អាផាតមិន ខុនដូ និងទីតាំងអាជីវកម្មដែលមានមនុស្សស្នាក់នៅ ឬប្រមូលផ្តុំច្រើន ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសាធារណៈ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកអធិការ លោកអធិការរង លោកប្រធានផ្នែក លោកនាយប៉ុស្តិ៍ទាំង៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ហើយត្រូវបានរៀបចំឡើងនៅសាលប្រជុំអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងមូលដ្ឋាន និងបង្កើនការត្រៀមខ្លួនឆ្លើយតបចំពោះបញ្ហាសន្តិសុខគ្រប់ប្រភេទ ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដោយ៖ សុខ ស៊ីណាន
暂无更正。
