
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី២៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៥ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៣៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ១,០០០ កន្លែងជូប្រជាពលរដ្ឋ។ គម្រោងទាំងនេះរួមមាន រោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់ អគារពហុមុខងារ ផ្សាររាត្រី រមណីយដ្ឋាន និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថា ការជំរុញវិនិយោគមិនត្រឹមតែផ្តល់ការលើកទឹកចិត្តជាកញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលការសម្រួលនីតិវិធី ការថែទាំវិនិយោគ ការប្រឹក្សាយោបល់ និងការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរនានារបស់វិនិយោគិនផងដែរ។ អង្គប្រជុំក៏បានពិភាក្សាអំពីសក្តានុពល និងឱកាសអភិវឌ្ឍន៍កោះរ៉ុង ដោយពិនិត្យលទ្ធភាពដាក់ចេញវិធានការ និងយុទ្ធសាស្ត្របន្ថែម ដើម្បីទាក់ទាញវិនិយោគក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ គោលដៅគឺប្រែក្លាយ កោះរ៉ុង ឱ្យក្លាយជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់ ដោយផ្តោតលើទេសចរណ៍ធម្មជាតិ បដិសណ្ឋារកិច្ចកម្រិតខ្ពស់ និងទេសចរណ៍សុខភាព។ បច្ចុប្បន្ន កោះរ៉ុងមានផ្ទៃដីសរុប ១១,៣២៣,៨៩ ហិកតា និងឆ្នេរសមុទ្រប្រមាណ ៦១ គីឡូម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់ប្រមាណ ៤៣ គីឡូម៉ែត្រ។ តំបន់នេះក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា បណ្តាញផ្លូវ គម្រោងអាកាសយានដ្ឋានកម្រិត 4C និងបណ្តាញអគ្គិសនីក្រោមបាតសមុទ្រ ដែលជាកត្តាគាំទ្រសម្រាប់ការអភិវឌ្ឍន៍ និងទាក់ទាញវិនិយោគបន្ថែម។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការកើនឡើងជាបន្តបន្ទាប់នៃភ្ញៀវទេសចរមកកាន់បណ្តាកោះកម្ពុជា ជាពិសេសភ្ញៀវមកពីអឺរ៉ុប បង្ហាញពីសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ។ ដូច្នេះ ក្រុមការងារ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖ ប៉ៃ សុឃីម
暂无更正。
