ខេត្តព្រះសីហនុពិនិត្យគម្រោងវិនិយោគ ១៥ គម្រោង តម្លៃជិត ៤០ លានដុល្លារ បង្កើតការងារប្រមាណ ១,០០០ កន្លែង
ខេត្តព្រះសីហនុពិនិត្យគម្រោងវិនិយោគ ១៥ គម្រោង តម្លៃជិត ៤០ លានដុល្លារ បង្កើតការងារប្រមាណ ១,០០០ កន្លែងKPS99TV

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី២៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៥ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៣៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ១,០០០ កន្លែងជូប្រជាពលរដ្ឋ។ គម្រោងទាំងនេះរួមមាន រោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់ អគារពហុមុខងារ ផ្សាររាត្រី រមណីយដ្ឋាន និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថា ការជំរុញវិនិយោគមិនត្រឹមតែផ្តល់ការលើកទឹកចិត្តជាកញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលការសម្រួលនីតិវិធី ការថែទាំវិនិយោគ ការប្រឹក្សាយោបល់ និងការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរនានារបស់វិនិយោគិនផងដែរ។ អង្គប្រជុំក៏បានពិភាក្សាអំពីសក្តានុពល និងឱកាសអភិវឌ្ឍន៍កោះរ៉ុង ដោយពិនិត្យលទ្ធភាពដាក់ចេញវិធានការ និងយុទ្ធសាស្ត្របន្ថែម ដើម្បីទាក់ទាញវិនិយោគក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ គោលដៅគឺប្រែក្លាយ កោះរ៉ុង ឱ្យក្លាយជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់ ដោយផ្តោតលើទេសចរណ៍ធម្មជាតិ បដិសណ្ឋារកិច្ចកម្រិតខ្ពស់ និងទេសចរណ៍សុខភាព។ បច្ចុប្បន្ន កោះរ៉ុងមានផ្ទៃដីសរុប ១១,៣២៣,៨៩ ហិកតា និងឆ្នេរសមុទ្រប្រមាណ ៦១ គីឡូម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់ប្រមាណ ៤៣ គីឡូម៉ែត្រ។ តំបន់នេះក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា បណ្តាញផ្លូវ គម្រោងអាកាសយានដ្ឋានកម្រិត 4C និងបណ្តាញអគ្គិសនីក្រោមបាតសមុទ្រ ដែលជាកត្តាគាំទ្រសម្រាប់ការអភិវឌ្ឍន៍ និងទាក់ទាញវិនិយោគបន្ថែម។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការកើនឡើងជាបន្តបន្ទាប់នៃភ្ញៀវទេសចរមកកាន់បណ្តាកោះកម្ពុជា ជាពិសេសភ្ញៀវមកពីអឺរ៉ុប បង្ហាញពីសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ។ ដូច្នេះ ក្រុមការងារ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖ ប៉ៃ សុឃីម

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。