អភិបាលខេត្តព្រះសីហនុជំរុញឱ្យដោះស្រាយ«សេវាសូរិយោដី»ដែលកកស្ទះច្រើនជាងគេនៅច្រកចេញចូលតែមួយ!
អភិបាលខេត្តព្រះសីហនុជំរុញឱ្យដោះស្រាយ«សេវាសូរិយោដី»ដែលកកស្ទះច្រើនជាងគេនៅច្រកចេញចូលតែមួយ!KPS99TV

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អះអាងថា សេវាដែលកកស្ទះច្រើនជាងគេនៅច្រកចេញចូលតែមួយគឺ«សេវាសូរិយោដី»។ កកស្ទះច្រើនដោយសារតែពាក់ព័ន្ធនឹងនីតិវិធីដាក់បញ្ចូលនៅអង្គភាពច្រកចេញចូលតែមួយនៅមានភាពស្មុគស្មាញ ពោលគឺដាក់បញ្ចូលឯកសារចាប់តាំងពីក្រុងស្រុករហូតមកដល់ខេត្ត ខណៈការកកស្ទះគឺចាប់ពីក្រុងស្រុកចុះក្រោម។ ការអះអាងរបស់ឯកឧត្តម ម៉ាង ស៊ីណេត ធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា។

ឯកឧត្តមអភិបាលខេត្ត ទទួលស្គាល់ថា ខេត្តព្រះសីហនុមានការកកស្ទះ«សេវាសូរិយោដី»ច្រើនជាងគេ បើធៀបជាមួយនឹងខេត្តផ្សេងៗ។ ច្រើនជាងគេ ដោយសារដំណាក់នៃការដាក់បញ្ចូលឯកសារក្នុងច្រកចេញចូលតែមួយខេត្តព្រះសីហនុចាប់ផ្តើមតាំងពីក្រុងស្រុក។ ចំណែក រាជធានី-ខេត្តផ្សេងៗគេមិនធ្វើអ៊ីចឹងនោះទេ។ ឯកសារដែលដាក់ចូលក្នុងប្រព័ន្ធបានលុះត្រាតែឯកសារនោះបានធ្វើការរួចរាល់តាំងក្រោមរហូតដល់ក្រុងស្រុក។ ដូច្នេះមើលទៅវាមិនឃើញមានការកកស្ទះច្រើននោះទេ។

ឯកឧត្តម ម៉ាង ស៊ីណេត យល់ថា ការកកស្ទះគឺនៅត្រឹមក្រុងស្រុកចុះមកក្រោម ដោយសារតែនីតិវិធីត្រូវចុះពិនិត្យដល់ទីតាំងផង និងដោះស្រាយវិវាទផងដែលនាំឱ្យមានភាពស្មុគស្មាញខ្លាំង។ ក្នុងន័យនេះ ឯកឧត្តមចង់បញ្ជាក់ថា រាជធានី-ខេត្តផ្សេងៗ គេដោះស្រាយបញ្ហារួចហើយទើបគេយកមកដាក់បញ្ចូលនៅក្នុងច្រកតែមួយ។ ម្ល៉ោះហើយ ឯកឧត្តមអភិបាលខេត្តជំរុញឱ្យដោះស្រាយសេវាកកស្ទះនៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុឱ្យបានលឿនរហ័ស ជាពិសេស «សេវាសូរិយោដី»។

តែយ៉ាងណា ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាង ២ពាន់ប័ណ្ណជូនប្រជាពលរដ្ឋរស់នៅសង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ដែលជាភូមិឋានរបស់ពលរដ្ឋនិងស្ថិតនៅក្នុងគម្រប់ព្រៃឈើដែលជាប់គាំងយូរណាស់មកហើយ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。