
ខេត្តកំពត៖ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារសហគមន៍នេសាទ (ស.ន) ចុះពិនិត្យ និងពង្រឹងការងារសហគមន៍នេសាទក្នុងខេត្តកំពត នាថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពតមានសហគមន៍នេសាទចំនួន ៨ ដែលបានចុះបញ្ជីផ្លូវការជាមួយក្រសួងកសិកម្មរួចរាល់។ ឯកឧត្តមបានណែនាំឱ្យសហគមន៍នេសាទទាំងអស់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយបន្តអប់រំផ្សព្វផ្សាយដល់សមាជិក និងអ្នកពាក់ព័ន្ធឱ្យចូលរួមទប់ស្កាត់ និងបញ្ឈប់បទល្មើសនេសាទគ្រប់ប្រភេទ ព្រមទាំងពង្រឹងការការពារ និងអភិរក្សធនធានជលផលនៅក្នុងដែនសហគមន៍ឱ្យមានប្រសិទ្ធភាព។ ក្រុមការងារក៏បានជួបពិភាក្សាការងារជាមួយគណៈកម្មការសហគមន៍នេសាទលកកោះគ្រឹះស្នា សហគមន៍នេសាទត្រពាំងសង្កែ និងសហគមន៍នេសាទកំពង់សាមគ្គី ដោយមានការចូលរួមពីលោកស្រី កាំង ឃីម អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។ សហគមន៍នេសាទលកកោះគ្រឹះស្នា មានសមាជិកចំនួន ១,២៤០នាក់ កំពុងអនុវត្តសកម្មភាពល្បាតការពារធនធានជលផល ដាំដើមកោងកាង និងរៀបចំអភិវឌ្ឍអេកូទេសចរណ៍ជលផល។ ទន្ទឹមនឹងនេះ សហគមន៍ក៏មានសក្តានុពលក្នុងការពង្រីកមុខរបរបន្ថែម ដូចជា ការចិញ្ចឹមក្រែងឈាម ក្តាមថ្ម គ្រំចំពុះទា និងត្រីស្ពង់ក្នុងបែរ។ ដោយឡែក សហគមន៍នេសាទត្រពាំងសង្កែ ដែលមានសមាជិក ១,២៨៨នាក់ និងផ្ទៃដី ៣៣៧ហិកតា ត្រូវបានចាត់ទុកជាសហគមន៍គំរូមួយក្នុងខេត្តកំពត។ សហគមន៍នេះអាចបង្កើតចំណូលដោយខ្លួនឯងតាមរយៈសកម្មភាពអេកូទេសចរណ៍ជលផល ដោយមានផ្ទះស្នាក់ ទូកដឹកភ្ញៀវ ស្ពានដើរទស្សនាព្រៃកោងកាង សេវាម្ហូបអាហារ ការលក់កូនកោងកាងសម្រាប់ដាំជាអនុស្សាវរីយ៍ និងការចិញ្ចឹមត្រីស្ពង់ក្នុងបែរ។ ការចុះពិនិត្យ និងពង្រឹងការងារ មានគោលបំណងជំរុញការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពប្រជាសហគមន៍នេសាទឱ្យកាន់តែប្រសើរឡើង៕ ដោយ៖ ប៉ៃ សុឃីម
暂无更正。
