
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់រោទិ៍ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចំនួន ២ទីតាំង ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី និងភូមិត្រពាំងត្រាវ ឃុំញរ ដោយឃាត់ខ្លួនជនសង្ស័យបានសរុប ៣២នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក អធិការនគរបាលស្រុក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក។ លោក សុច ពិសី បានឱ្យដឹងថា ជាលទ្ធផលនៃប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣២នាក់ ក្នុងនោះស្ត្រី ៤នាក់។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិចិន ២៥នាក់ (ស្ត្រី ១នាក់) និងជនជាតិវៀតណាម ៧នាក់ (ស្ត្រី ៣នាក់)និងសម្ភារៈបទល្មើសមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងសម្ភារៈ និងវត្ថុតាងដែលដកហូត ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម
暂无更正。
