
មុននឹងធ្វើការវាយកម្ទេចចោល ថ្នាក់ដឹកនាំខេត្តព្រះសីហនុរួមមានឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងមន្រ្តីរាជការគ្រប់រូប បាននាំគ្នាមកថតរូបអនុស្សាវរីយ៍ចុងក្រោយនៅអគារដែលមានវ័យចំណាស់របស់ក្រុមប្រឹក្សាខេត្ត ដោយសារតែមានភាពចាស់ទ្រុឌទ្រោម។
អគារវ័យចំណាស់ដែលមានអាយុកាលជិត២០ឆ្នាំនេះ ជាអតីតអគារកម្មវិធីសីលាដែលបានសាងសង់ឡើងក្នុងឆ្នាំ២០០៧។ ជញ្ជាំង បន្ទប់ធ្វើការ ផ្លូវដើរ និងបរិវេណជុំវិញអគារនេះ សុទ្ធសឹងតែជាទីកន្លែងដែលផ្ទុកទៅដោយអនុស្សាវរីយ៍ល្អៗ រួមទាំងជាសាក្សីនៃការខិតខំប្រឹងប្រែង ការជួបជុំមិត្តរួមការងារ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន។ អគារនេះបានរួមដំណើរជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់អាណត្តិចាប់តាំងពីឆ្នាំ២០០៧រហូតមកដល់ពេលបច្ចុប្បន្ន។ មន្រ្តីគ្រប់រូបបានបង្ហាញទឹកមុខសោកស្តាយ និងអាលោះអាល័យជាពន់ពេក។ យ៉ាងណា ទោះអគារដ៏ចំណាស់មួយនេះអាចរលាយបាត់ទៅយ៉ាងក៏ដោយ ប៉ុន្តែអនុស្សាវរីយ៍ និងស្នាដៃដែលបានបន្សល់ទុកនៅទីនោះ នឹងនៅតែស្ថិតក្នុងចិត្តរបស់មន្រ្តីគ្រប់រូបជានិច្ច។
ផ្ទុយទៅវិញ បើតាមមន្រ្តីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបញ្ជាក់ប្រាប់ទូរទស្សន៍ KPS99 ខេត្តព្រះសីហនុថា មូលហេតុនវាយអគារចំណាស់នេះចោល ដោយសារអគារនេះមានអាយុកាលជិត២០ឆ្នាំ ហើយដែលមានភាពចាស់ទ្រុឌទ្រោមទើបថ្នាក់ដឹកនាំសម្រេចរុះរើហើយយកទីតាំងនេះធ្វើជាសួនច្បារបម្រើឱ្យអគារដ្ឋបាលខេត្តថ្មី។ ម៉្យាងវិញទៀត បើតាមលោក ឃាង ភារម្យ អគារដ្ឋបាលខេត្តថ្មីដែលកំពុងសាងសង់ជិតរួចរាល់ជាស្ថាពរហើយនោះ ក៏មានសាលប្រជុំក្រុមប្រឹក្សាខេត្ត ការិល័យធ្វើការរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សារខេត្តនៅទីនោះរួចរាល់ហើយដែរ។
សូមជម្រាបថា កម្មវិធីសីលា គឺជាក្របខណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដើម្បីគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណែក អគារវ័យចំណាស់នេះបានបង្កើតឡើងដើម្បីបម្រើឱ្យក្រុមការងារកម្មវិធីសីលា ហើយក៏បន្តមក២ជំនាន់ផ្សេងទៀត រួចក៏ដាក់ឱ្យក្រុមប្រឹក្សាខេត្តប្រើប្រាស់នៅអគារជាន់ទី១ដែលជាសាលប្រជុំដល់សព្វថ្ងៃនេះ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត
暂无更正。
