BREAKING NEWS:រថយន្តដឹកថ្មក្រានីតបើកល្បឿនលឿនចុះចំណោត បុករះរថយន្ត៣គ្រឿង និងម៉ូតូកង់បី១គ្រឿង នៅក្រុងព្រះសីហនុ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់
BREAKING NEWS:រថយន្តដឹកថ្មក្រានីតបើកល្បឿនលឿនចុះចំណោត បុករះរថយន្ត៣គ្រឿង និងម៉ូតូកង់បី១គ្រឿង នៅក្រុងព្រះសីហនុ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់KPS99TV

ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ៧:៥០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះមួយបានកើតឡើងនៅលើវិថីផែ ត្រង់ចំណុចជិតស្តុបកែងរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ របាយការណ៍បឋមបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តធុនធំម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6019 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-3065 ដឹកថ្មក្រានីត។ ចំពោះអ្នកបើកបរមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់នេះគឺរថយន្តខាងលើធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ពីឃ្លាំងលើឆ្ពោះទៅកំពង់ផែ)។ លុះមកដល់ចំណុចកើតហេតុ ដោយសារបើកបរក្នុងល្បឿនលឿន និងស្ថានភាពផ្លូវចុះចំណោត បានជ្រុលទៅបុករះរថយន្តចំនួន៣គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿង ក្នុងទិសដៅស្របទិសគ្នា។ គ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បីម្នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ដោយឡែក អ្នកបើកបររថយន្ត២នាក់ទៀតបានរងរបួសស្រាល។ ចំពោះមុខសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。