ការស្រាវជ្រាវថ្មីរកឃើញសត្វព្រៃជិត ៥០ប្រភេទ នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង ខណៈ ៧ប្រភេទកំពុងរងហានិភ័យផុតពូជ
ការស្រាវជ្រាវថ្មីរកឃើញសត្វព្រៃជិត ៥០ប្រភេទ នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង ខណៈ ៧ប្រភេទកំពុងរងហានិភ័យផុតពូជKPS99TV

ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលអនុវត្តដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) និងអង្គការ Wild Earth Allies បានរកឃើញវត្តមានសត្វព្រៃសរុបចំនួន ៤៧ប្រភេទ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា។ ការសិក្សានេះធ្វើឡើងតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល ៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ដោយបានកត់ត្រាថនិកសត្វ ២៦ប្រភេទ បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ។ ក្នុងចំណោមសត្វព្រៃដែលបានរកឃើញ មានថនិកសត្វចំនួន ៧ប្រភេទ ស្ថិតក្នុងបញ្ជីសត្វកំពុងរងការគំរាមកំហែងផុតពូជ រួមមាន សត្វទន្សោង សត្វពង្រូល សត្វស្វាកន្ទុយសជើងក្រហម សត្វទោចថ្ពាល់លឿងឦសាន សត្វកែះ សត្វខ្លាឃ្មុំតូច និងសត្វខ្លាពពក។ ប្រភេទខ្លះកម្របានជួបឃើញដោយផ្ទាល់នៅក្នុងតំបន់នេះ។ លទ្ធផលស្រាវជ្រាវបានបង្ហាញពីសារៈសំខាន់ជាសកលរបស់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងការអភិរក្សជីវចម្រុះ និងបានផ្តល់ទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ សម្រាប់គាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រអភិរក្សសត្វព្រៃនាពេលអនាគត។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា តំបន់នេះនៅមិនទាន់ទទួលបានការសិក្សាជីវចម្រុះយ៉ាងទូលំទូលាយនៅឡើយ ដោយសារតំបន់មានភាពដាច់ស្រយាល ពិបាកចូលដល់ និងធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត។ ទន្ទឹមនឹងនេះ អ្នកជំនាញបានអំពាវនាវឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងស្ថាប័នរដ្ឋ អង្គការដៃគូ វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីការពារ និងអភិរក្សប្រភេទសត្វព្រៃកំពុងរងការគំរាមកំហែងទាំងនេះឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕ ដោយ៖ ប៉ៃ សុឃីម ប្រភព៖ ក្រសួងបរិស្ថាន

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。