ឯកឧត្តមម៉ាង ស៊ីណេតបង្ហាញការមិនទាន់ពេញចិត្តលើការងារសុខាភិបាលដែលត្រូវរួមគ្នាកែតម្រូវបន្ថែម
ឯកឧត្តមម៉ាង ស៊ីណេតបង្ហាញការមិនទាន់ពេញចិត្តលើការងារសុខាភិបាលដែលត្រូវរួមគ្នាកែតម្រូវបន្ថែមKPS99TV

«ការងារសុខាភិបាលសម្រាប់ខេត្តរបស់យើង ខ្ញុំគិតថាមិនទាន់ពេញចិត្តទេ នៅខ្វះច្រើនណាស់ដែលយើងត្រូវខិតខំរួមគ្នាកែតម្រូវបន្ថែម»។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ។

ជុំវិញនឹងការរិះគន់នេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចុះប្រជុំឱ្យបានជាប់ជាប្រចាំជាមួយមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាព ដើម្បីពង្រឹង និងរំលឹកដល់ក្រុមគ្រូពេទ្យឱ្យផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ឯកឧត្តមកត់សម្គាល់ឃើញថា គ្រូពេទ្យទាំងអស់បានខិតខំធ្វើការហើយ ប៉ុន្តែនៅមានមួយចំនួនតូចធ្វេសប្រហេសចំពោះកិច្ចការរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតនិងទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ម្ល៉ោះហើយ ឯកឧត្តមអភិបាលខេត្តណែនាំឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ទាំងវិជ្ជាជីវនិងឥរិយាបថក្នុងការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ។

ក្រៅពីរងការរិះគន់ថា ការងារសុខាភិបាលរបស់ខេត្តព្រះសីហនុនូវមិនទាន់បានល្អប្រសើរ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានកោរសរសើរចំពោះលទ្ធផលរបស់ក្រុមគ្រូពេទ្យក្នុងការវះកាត់ជួយសង្គ្រោះជនជាតិចិនដែលរងរបួសដោយសារការបាញ់ប្រហារគ្នាផងដែរ។ ក្នុងនោះក្រុមគ្រូពេទ្យប្រើពេលខ្ទង់៥ម៉ោងវះកាត់យកគ្រាប់កាំភ្លើងចេញពីជនរងគ្រោះជាជនជាតិចិនបានដោយសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ឯកឧត្តមអភិបាលខេត្ត បានពន្យល់ថា ក្រុមគ្រូពេទ្យរបស់ខេត្តមិនមែនអត់សមត្ថភាពនោះទេ ប៉ុន្តែគ្រាន់តែមិនជួបជុំគ្នា មិនសាមគ្គីគ្នា និងធ្វេសប្រហែលលើការអនុវត្តវិជ្ជាជីវៈតែប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ប្រសិនបើពួកគាត់យកចិត្តទុកដាក់ហើយធ្វើការជាកម្លាំងសាមគ្គី គឺអាចព្យាបាល និងវះកាត់បានល្អប្រសើរខ្លាំងណាស់៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。