ចិន-កម្ពុជា ចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ខណៈគម្រោងរួមកើនដល់ ១១៣ គម្រោង
ចិន-កម្ពុជា ចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ខណៈគម្រោងរួមកើនដល់ ១១៣ គម្រោងKPS99TV

ឯកឧត្តម Wang Wenbin បានលើកឡើងតាមរយៈទំព័រផ្លូវការរបស់ឯកឧត្តមថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខារួមគ្នាជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកិច្ចព្រមព្រៀងមូលនិធិពិសេសសម្រាប់ភាគីកម្ពុជា ក្រោមក្របខណ្ឌគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦។

ឯកឧត្តមបានបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរវាងចិន និងកម្ពុជា បានកើនដល់ចំនួន ១១៣ គម្រោង ដែលគ្របដណ្តប់លើវិស័យអាទិភាពជាច្រើន រួមមាន ការកាត់បន្ថយភាពក្រីក្រ ការអប់រំ សុខាភិបាល កសិកម្ម ការអភិវឌ្ឍបៃតង និងការផ្លាស់ប្តូរឌីជីថល។ គម្រោងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងចំណងមិត្តភាពរវាងបណ្តាប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ក្រោមស្មារតី «ផឹកទឹកទន្លេតែមួយ វាសនាផ្សារភ្ជាប់រួមគ្នាតែមួយ»។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសសមាជិកទាំងប្រាំមួយ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ និងបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលត្រូវបានគេចាត់ទុកថាជា «វេទិកាមាស» នៃកិច្ចសហប្រតិបត្តិការតំបន់។

ឯកឧត្តម Wang Wenbin បានសង្កត់ធ្ងន់ថា ភាគីចិនត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងបណ្តាប្រទេសមេគង្គដទៃទៀត ដើម្បីរួមគ្នាបើកទំព័រថ្មីនៃ «ទសវត្សរ៍មាស» សម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបង្កើតផលប្រយោជន៍កាន់តែច្រើនជូនប្រជាជននៃប្រទេសសមាជិកទាំងប្រាំមួយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានស្វាគមន៍ដល់ដៃគូ និងមិត្តភក្តិកាន់តែច្រើនឱ្យចូលរួមគាំទ្រ និងរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាពរួម និងអនាគតកាន់តែប្រសើរសម្រាប់ប្រជាជនក្នុងតំបន់។ ដោយ៖ សុខ ស៊ីណាន

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。