
ម្ចាស់រថយន្តម្នាក់ ដែលបានជួលរថយន្តឱ្យជនជាតិចិន ហើយក្រោយមកត្រូវសមត្ថកិច្ចដកហូតក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)នាពេលកន្លងទៅ បានអំពាវនាវដល់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជួយពន្លឿននីតិវិធី ដើម្បីប្រគល់រថយន្តរបស់ខ្លួនមកវិញ ដោយអះអាងថា ខ្លួនមិនបានពាក់ព័ន្ធនឹងបទល្មើសឡើយ និងមានឯកសារជួលត្រឹមត្រូវតាមផ្លូវច្បាប់។ លោក ទួច ពិសិដ្ឋ បានបញ្ជាក់ក្នុងលិខិតស្នើសុំទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌលេខ 2767 ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ LI PENG អាយុ ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EQ2776716 បានស្នើសុំជួលរថយន្តពីលោក។ បន្ទាប់ពីពិភាក្សា និងធ្វើកិច្ចសន្យាជួលត្រឹមត្រូវ ភាគីទាំងពីរបានឯកភាពលើការជួលរថយន្តនោះ។ ក្រោយពេលទទួលបានរថយន្ត ឈ្មោះ LI PENG បានយកទៅប្រើប្រាស់នៅក្រុងប៉ោយប៉ែត។ ប៉ុន្តែក្រោយមក លោក ទួច ពិសិដ្ឋ បានទទួលដំណឹងថា បុគ្គលរូបនេះជាប់ពាក់ព័ន្ធនឹងករណី Online Scam ដែលនាំឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងជាច្រើន រួមទាំងរថយន្តដែលលោកបានជួលឱ្យផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបង្ក្រាបបទល្មើស Online Scam ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យសមត្ថកិច្ចរៀបចំបែបបទប្រគល់រថយន្តជូនម្ចាស់ដើមវិញ ប្រសិនបើអាចបញ្ជាក់បានថា ជាកម្មសិទ្ធិស្របច្បាប់ និងមានកិច្ចសន្យាជួលច្បាស់លាស់។ យោងតាមលោក រ៉េន រតនៈ អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ការប្រគល់រថយន្តជូនម្ចាស់វិញ ត្រូវអនុវត្តតាមនីតិវិធីច្បាប់ ហើយសមត្ថកិច្ចមិនត្រូវទាមទារប្រាក់ ឬផលប្រយោជន៍ណាមួយពីប្រជាពលរដ្ឋជាដាច់ខាត។ ការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ បានធ្វើឡើងបន្ទាប់ពីម្ចាស់អាជីវកម្មជួលរថយន្តមួយចំនួន បានលើកឡើងថា រថយន្តរបស់ពួកគេដែលជួលឱ្យជនបរទេស ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scam ជាពិសេសនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយមិនទាន់ទទួលបានការប្រគល់ត្រឡប់មកវិញនៅឡើយនោះទេ៕ ដោយ៖ ប៉ៃ សុឃីម
暂无更正。
