
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ រួមជាមួយអភិបាលរងខេត្ត អាជ្ញាធរក្រុងសែនមនោរម្យ និងអាជ្ញាធរសង្កាត់ស្ពានមានជ័យ ចុះសំណេះសំណាលសួរសុខទុក្ខអាជីវករ និងប្រជាពលរដ្ឋនៅក្នុង ផ្សារសែនមនោរម្យ ដើម្បីជំរុញការចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជីវករទាំងអស់យកចិត្តទុកដាក់ក្នុងការទុកដាក់សំរាម និងកាកសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវបរិស្ថានស្អាត សោភ័ណភាពផ្សារ និងសុខភាពល្អសម្រាប់ទាំងអ្នកលក់ និងអ្នកទិញ។ ទន្ទឹមនឹងនេះ ក៏បានជំរុញឱ្យមានការរៀបចំតូប និងទំនិញលក់ដូរឱ្យមានរបៀបរៀបរយ មិនរំលោភលើផ្លូវដើរ ឬចំណីផ្លូវសាធារណៈ ដើម្បីធានាភាពងាយស្រួល និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម គង់ គឹមនី ក៏បានសាកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពជីវភាពរស់នៅ ក៏ដូចជាការប្រកបរបរលក់ដូររបស់បងប្អូនអាជីវករ ដោយបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យអាជីវករ និងប្រជាពលរដ្ឋរួមគ្នាថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់ក្នុងផ្សារ ឱ្យមានភាពស្អាត ស្រឡះ និងមានរបៀបរៀបរយ ព្រោះវាមិនត្រឹមតែជួយលើកកម្ពស់បរិយាកាសលក់ដូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកស្ទួយមុខមាត់ និងសោភ័ណភាពក្រុងទេសចរណ៍សែនមនោរម្យឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរផងដែរ។ ក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់នាពេលនេះ ឯកឧត្តមអភិបាលខេត្ត ទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីអាជីវករ និងប្រជាពលរដ្ឋ ដែលបានប្តេជ្ញាចិត្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាឱ្យផ្សារសែនមនោរម្យមានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់ល្អជាប្រចាំ៕ ដោយ៖ ប៉ៃ សុឃីម
暂无更正。
